ខ្ញុំឃើញមានអត្ថបទភាគច្រើនលើកយកចំនុចជោគជ័យនៃសហគ្រិនមកនិយាយ។ ក្នុងអត្ថបទនេះ ខ្ញុំសុំលើកយកអត្តចរិតទាំង៥ ដែលជាហេតុផលធ្វើឲ្យអ្នកជំនួញទើបចាប់ផ្តើមចេញរកស៊ីថ្មីថ្មោងបរាជ័យ ទាំងខ្លួនឯងមិនទាន់ លើកយីហោនៅឡើយ ដែលភាគច្រើនពួកគាត់មិនសូវបានចាប់អារម្មណ៍ពីចំនុចទាំងនេះ។ សូមបញ្ចាក់ថា មានចំនុចជាច្រើនផ្សេងទៀតដែលជាដើមចមធ្វើឲ្យអ្នកដឹកនាំជំនួញចាប់ផ្តើមរកស៊ីថ្មីថ្មោង លើកទង់ជ័យស ទាំងខ្លួនឯងមិនទាន់ចូលសមរភូមិផល តែក្នុងអត្ថបទនេះខ្ញុំសុំលើយកតែ ៥ចំនុចធំៗមកនិយាយ។
១. អស់ស្បៀងមុនចូលច្បាំង
គេហទំព័រព័ត៌មានធុរកិច្ច SmallBizTrends.com បញ្ជាក់ថា ៤០% នៃអាជីវកម្មខ្នាតតូចមានប្រាក់ចំណេញ, ៣០% រួចខ្លួន និង ៣០% ទៀតខាតបិតទ្វា។ នេះមកពីកង្វះខាតនៃបច្ចេកទេស នៃការគ្រប់គ្រងលំហូរសាច់ប្រាក់ និយាយដោយខ្លីគឺចាយលុយដោយគ្មានប្រសិទ្ធភាព។ ត្រូវចងចាំថា ការចាប់ផ្តើមអាជីវកម្មដំបូង ការវិនិយោគលុយគឺត្រូវមាន ការត្រិះរិះពិចារណាយ៉ាងត្រឹមត្រូវមុនពេលចំណាយ។ បើមិនដូច្មោះទេ មានន័យថាអ្នកមិនមែនកំពុងតែវិនិយោគនោះទេ គឺមានន័យថាអ្នកកំពុងយកលុយទៅដុតចោល។
២. យល់ថាយុទ្ធសាស្រ្តខ្លួនឯងអស្ចារ្យជាងសត្រូវ
អ្នកជំនួញថ្មីថ្មោងតែងតែមានអំនួត គិតថាគំនិតខ្លួនឯងប្រសើរជាងគេ ក្នុងទីផ្សារ ដែលនេះជាការយល់ខុសដ៏ធំព្រោះមិនស្គាល់ដៃគូប្រកួតប្រជែងយើងច្បាស់ហើយខ្វះការពិចារណា លើការរៀបចំយុទ្ធសាស្ត្រ, របៀបក្នុងការផ្គត់ផ្គង់នូវផលិតផលនិងសេវាកម្មរបស់អ្នក ឲ្យត្រូវនឹងតម្រូវការពិតប្រាកដរបស់អតិថិជនក្នុងទីផ្សារប្រគួតប្រជែង។ បច្ចុប្បន្នអ្នកមិនអាចគ្រាន់លក់តែផលិតផល ឬសេវាកម្មល្អជាងគេ ឬតម្លៃសម្យរម្យជាងគេឈ្មោះថាអ្នកមានគំនិតអាជីវកម្មអស្ចារ្យជាងគេនោះទេ តែលើសពីនេះទៀតអ្នកត្រូវមានយុទ្ធសាស្រ្ត ពង្រីកអាជីវកម្មនោះ, របៀបរក្សានិងធ្វើឲ្យអតិថិជនអ្នកមកទិញពីអ្នកជាលើកទី២, គំនិតច្នៃប្រឌិតបន្ថែម ដើម្បីអភិវឌ្ឍផលិតផល/សេវាកម្មរបស់ឲ្យអ្នកកាន់តែប្រសើរឡើង។
៣. មិនចេះបញ្ជាទ័ព
អ្នករកស៊ីភាគច្រើនធ្វើការងារខ្លួនឯងគ្រប់បែបយ៉ាងទាំងអស់ ស្ទើរតែថាគ្រប់សព្វតែម្តង (គេថាលុយមូល) ព្រោះមិនចង់ ឬមិនហ៊ានចំណាយច្រើន។ វាជាការល្អសម្រាប់អាជីវកម្មចាប់ផ្ដើមថ្មីថ្មោង ហើយអ្នកមិនហ៊ានចំណាយលើកំលាំងពលកម្មមនុស្សខ្ជះខ្ជាយច្រើន តែអ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់ ព្រោះថាអ្នកមិនមែនចេះសព្វគ្រប់បែបយ៉ាងនោះទេ លើរឿងការងារបច្ចេកទេស។ ខ្ញុំចាប់ផ្តើមក្រុមហ៊ុនខ្ញុំពីមនុស្ស 3នាក់រួមទាំងខ្ញុំ រហូតមកដល់បច្ចុប្បន្នខ្ញុំមានអតិថិជនជាង 1ពាន់ ស្ថាប័ន ។ អ្វីដែល ខ្ញុំសិក្សាពីបទពិសោធន៍នេះ គឺយើងប្រើប្រាស់ធនធានរបស់យើងឲ្យអស់សមត្ថភាព និងបង្កើនធនធានបន្ថែមប្រកបដោយប្រសិទ្ធភាព។
៤. ខ្វះការទំនាក់ទំនង
អ្នកចេញរកស៊ីដំបូងៗ ខ្លះមិនចូលចិត្តចំណាយពេលវេលាចេញទៅខាងក្រៅ ដើម្បីបង្កើតបណ្ដាញ រាប់អានមិត្តភក្តិនោះទេ។ ពួកគេយល់ថា វាជាការចំណាយពេលវេលាអត់ប្រយោជន៍ ឬក៏ពួកគាត់មិនហ៊ានក៏ថាបាន ព្រោះពួកគាត់យល់ថាអាជីវកម្មពួកគាត់ នៅតូចតាចនៅឡើយ។ កាលពីប្រមាណ 7ឆ្នាំមុនកាលនោះខ្ញុំរៀនផង ធ្វើការផង ហើយពេលយប់ឆ្លៀតយកគម្រោងដែលខ្ញុំដេញបានមកធ្វើនៅផ្ទះ រៀងរាល់ថ្ងៃសម្រាកខ្ញុំតែងចេញទៅស្ទើរគ្រប់កម្មវិធីសិក្ខាសាលាទាំងអស់ ដើម្បីបង្កើតបណ្ដាញ ហើយពេលខ្លះទៅក៏អាចរកគម្រោងបានពីកម្មវិធីទាំងនោះដែរ បើទោះបីមិនបានក៏ខ្ញុំស្គាល់មនុស្សថ្មីៗ ឬក៏គំនិតថ្មីៗមកពង្រឹងអាជីវកម្មរបស់ខ្ញុំ។ ថាទៅចេញក្រៅវាល្អម្យ៉ាង តែក៏វាមានផលអវិជ្ជមានរបស់វាដែរ ប្រសិនបើអ្នកប្រើប្រាស់ពេលវេលាខាងក្រៅនោះហួសហេតុពេក ភ្លេចគិតពីការគ្រប់គ្រងពង្រឹងអាជីវកម្មរបស់ខ្លួនឯងនៅខាងក្នុង។
៥. ប្តូរគោលដៅ ទាំងមិនទាន់ចូលសមរភូមិ
ក្នុងន័យនេះមិនមែនចង់មានន័យថាការមានគំនិតរកស៊ីច្រើន មិនល្អនោះទេ តែខ្ញុំចង់សំដៅថាអ្នកជំនួញថ្មីថ្មោងមួយចំនួន ភាគច្រើនមានមហិចតាចង់បានលទ្ធផលលឿនហួសហេតុ ដែលធ្វើឲ្យពួកគេបាក់ទឹកចិត្ត ឬប្តូរគោលដៅរកស៊ី ទាំងខ្លួនឯងមិនទាន់ចេញប្រយុទ្ធផង។ ការចេញរកស៊ីមិនមែន គ្រាន់តែចេញធ្វើលំៗ ហើយអាចជោគជ័យបាននោះទេ ប្រសិនបើអ្នកខ្វះការយកចិត្តទុកដាក់ គេហៅថា ធីងធោង មិនផ្តោតទៅលើអ្វីមួយអោយច្បាស់សោះ។ ខ្លួងឯងកំពុងដើរបានមួយជំហាន ទៅប្រៀបធៀបជាមួយគេដើរបាន១០០ជំហាន ហើយគិតថាខ្លួនឯងធ្វើវាមិនបានដូចគេ ក៏បោះបង់ចោលទៅ ចាប់យកស្អីផ្សេងមួយទៀតមកធ្វើ។ មេរៀនត្រង់ចំនុចនេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនអ្នកទើបចេញរកស៊ីថ្មីថ្មោងទាំងអស់ថា ការបរាជ័យវាមិនមែនជាភាពខ្មាស់អៀននោះទេ, តើអាជីវកម្មណាដែលមិនជួបការបរាជ័យ? សំខាន់ បងប្អូនទាំងអស់គ្នាមិនបោះបង់វាចោល ឬប្តូរគោលដៅទាំងមិនទាន់សាកល្បងផង។ បទពិសោធខ្ញុំដល់ថ្ងៃនេះ មិនអស្ចារ្យប៉ុន្មាននោះទេ តែខ្ញុំក៏ធ្លាប់ជួបបទពិសោធន៍បរាជ័យមិនតិចដងនោះដែរ សំខាន់ខ្ញុំមិនលះបង់វាចោល ហើយស្វែងរកចំណុចដែលជាហេតុធ្វើអោយខ្ញុំបរាជ័យនោះ មកជាមេរៀនពង្រឹងសមត្ថភាពខ្ញុំនៅពេលក្រោយ។
រៀនពីភាពបរាជ័យរបស់ខ្លួនឯង វាប្រសើរជាង រៀនពីភាពជោគជ័យរបស់អ្នកដទៃ។