លោក Dan Lok គឺជាសហគ្រិនជោគជ័យមួយរូប ដែលមានដើមកំណើតមកពីហុងកុង។
លោកជា អ្នកនិយាយលើកទឹកចិត្តសាធារណៈ ជាអ្នកនិពន្ធសៀវភៅ Unlock it
ដែលជាសៀវភៅដែលលក់ដាច់បំផុត និងជាមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោក។
លោកក៏ជា ស្ថាបនិកនៃ Closer.com ផងដែរ។ មែនទែនទៅ លោកត្រូវបានគេចាត់ទុកថា
ជាបុគ្គលម្នាក់ដែលតែងតែចែករំលែកនូវចំណេះដឹងថ្មីៗជាច្រើន ទាក់ទងនឹងការធ្វើអាជីវកម្ម
ក៏ដូចជាចំណេះដឹងទូទៅផ្សេងៗថែមទៀតផង។ កាលពីពេលកន្លងទៅ
រូបលោកក៏បានចែករំលែកពីទម្លាប់ល្អ ៣ យ៉ាង ដែលអ្នកមាន តែងធ្វើមិនរំលង៖
១) រាប់លុយមុនចំណាយ
អ្នកមានពិតណាស់តែងពិនិត្យ និងគ្រប់គ្រងប្រាក់ដែលខ្លួនមានយ៉ាងល្អិតល្អន់
ពួកគេមិនមែនជាប្រភេទមនុស្ស ដែលគ្មានការកត់ត្រាច្បាស់លាស់
ទៅលើការចំណាយរបស់ខ្លួនឡើយ។ ជាពិសេស ពួកគេតែងតែរាប់ប្រាក់របស់ខ្លួនជានិច្ច
មុននឹងដកទិញរបស់របរ ឬចំណាយលើអ្វីមួយ ដើម្បីដឹងពីចំនួនប្រាក់ដែលសេសសល់។
មិនតែប៉ុណ្ណោះ ពួកគេសុខចិត្តចំណាយលើអ្វីដែលចាំបាច់ខ្លាំងប៉ុណ្ណោះ
ដូចជាការហូបចុកទូទៅ វិក័យប័ត្រចំណាយប្រចាំខែ ឬប្រចាំឆ្នាំ ឬការបង់ពន្ធ ជាដើម។
លោក Dan Lok បន្តថា ប្រភេទមនុស្សទាំងនេះ
គឺមិនមែនចេះតែចំណាយប្រាក់តាមចិត្តនឹកឃើញឡើយ ប៉ុន្ដែបើពួកគេចំណាយ
នោះពួកគេបានមើលឃើញពីចំណុចណាមួយ
ដែលអាចឲ្យពួកគេទាញយកលុយមកវិញជាមិនខាន។
២) ចំណាយលើខ្លួនឯងជាមុនសិន
ការចំណាយលើខ្លួនឯងជាមុនសិន នេះមិនបានផ្ដោតទៅលើការ ទិញផ្ទះថ្មី ទិញឡានថ្មី
របស់របរទំនើប ឬចំណាយលើដំណើរកំសាន្តផ្ទាល់ខ្លួនផ្សេងៗឡើយ។
តែសំដៅដល់ការចំណាយប្រាក់ ទៅលើអាជីវកម្មដែលខ្លួនឯងកំពុងធ្វើដូចជា
ទិញអាគារការិយាល័យថ្មី សម្ភារៈដែលមានប្រយោជន៍ដល់ក្រុមហ៊ុន
ឬដំណើរកម្សាន្ដរបស់ក្រុមក្រុមហ៊ុន ដែលអាចជួយពង្រឹងដល់កិច្ចការងារជាដើម។
ពួកគេចាត់ទុក ជាការចំណាយដើម្បីខ្លួនឯងដ៏មានតម្លៃបំផុត។
៣) វិនិយោគបន្ថែម
អ្នកមានទ្រព្យស្ដុកស្ដំ ពួកគេមិនដែលទុកឱកាសរបស់ខ្លួន ឲ្យកន្លងហួសទៅដោយទទេរនោះទេ
ពួកគេតែងតែរិះរកនឹកនូវគំនិតថ្មីៗ ដែលអាចបង្កើតលុយ
និងធ្វើយ៉ាងណាឲ្យជីវិតរបស់ពួកគេកាន់តែដើរទៅមុខរហូត។ មិនតែប៉ុណ្ណោះ
ពួកគេផ្ដោតលើគោលដៅរបស់ខ្លួនជាធំ និងបន្ដពង្រីកខ្លួនឲ្យកាន់តែធំ។ ត្រង់នេះ លោក Dan
Lok បញ្ជាក់ថា បុគ្គលទាំងអស់នោះ អាចនឹងយកប្រាក់ទាំងអស់របស់ខ្លួន
ទៅវិនិយោគបន្ថែមលើអាជីវកម្មដែលមាន ឬបង្កើតអាជីវកម្មថ្មីមួយទៀត
ឬដាក់វាសន្សំក្នុងធនាគារ ដើម្បីទទួលបានការប្រាក់
ឬវិធីសាស្រ្តផ្សេងៗជាច្រើនទៀតតាមស្ថានភាពជាក់ស្ដែង។