ការផ្លាស់ប្តូរទម្លាប់គឺស្មើទៅនឹងផ្លាស់ប្តូរជីវិតរបស់យើង។
ខ្ញុំជឿថាជារៀងរាល់ថ្ងៃ យើងព្យាយាមបង្កើតនៅទម្លាប់ថ្មីៗ ប៉ុន្តែមួយឆ្នាំទៅមួយឆ្នាំហាក់ដូចជាគ្មានអីប្លែកសោះ គ្មានសម្រេចអ្វីប្រសើរជាងមុនសោះ មានអារម្មណ៍នៅតែមិនសប្បាយចិត្ត។
ដូច្នេះ នាងខ្ញុំនឹងបង្ហាញពីអ្វីដែលយើងមើលរំលង។
បងប្អូនត្រូវដឹងថា បង្កើតទម្លាប់ល្អមិនមានតំលៃទេ ប្រសិនបើយើងមិនបោះបង់ទម្លាប់អាក្រក់ ឬក៏យើងហៅថាទម្លាប់ Toxic ជាមុនសិន។
ទម្លាប់ Toxic ១ រឿងតូច ធ្វើដូចរឿងធំ
ការគិតពិចាណារមុននឹងធ្វើការសម្រេចចិត្តទៅលើរឿងអ្វីមួយ គឺជារឿងល្អ។ ប៉ុន្តែនៅពេលដែលយើងនិយាយថា “Overthinking” គឺនៅពេលដែលយើងគិតរឿងមួយ ដែលតូចទេ ប៉ុន្តែបង្កើតវាដូចជារឿងធំ។
ដូចពេលបងប្អូន ចូលហាង អានមីនុយម្ហូប នៅគិតយូរនៅនឹង មីនុយខ្លះមានទាំងរូបម្ហូបទៅទៀត ហើយក៏មិនព្រមសម្រេចថាចង់ញាំអី ឬក៏កម្មង់អី។
ពេលដើរលេងជាមួយអ្នករួមការងារ ឬក៏មិត្តភក្តិ ពួកគាត់សួរថាចង់ទៅណា? គួរទៅណា? យើងតែងឆ្លើយថាអត់ដឹងទេ ចាំគិតមើលសិន។
នៅពេលដែលយើងចំណាយពេលវេលាគិតទៅលើរឿងតូចម្តងហើយម្តងទៀត ពេលនឹងយើងត្រូវសួរខ្លួនឯង ថារឿងនឹង “Worth to Think” អត់។ គួរចំណាយពេលទៅខ្វាយខ្វល់ពីវាអត់។
យើងត្រូវព្យាយាមគ្រប់គ្រងរឿងតូចតាចនៅក្នុងជីវិតយើង កុំឱ្យវារំខានដល់ការសម្រេចចិត្តទៅលើរឿងផ្សេងទៀតដែលសំខាន់ក្នុងជីវិតយើង។
ទម្លាប់ Toxic ២ ឈ្លក់វង្វេងនឹងទស្សនៈរបស់អ្នកដទៃ
ប៉ុន្មានដងនៅក្នុងជីវិតយើង ដែលធ្លាប់បានធ្លាក់ទឹកចិត្តដោយសារមតិរបស់អ្នកដទៃ?
ខ្ញុំប្រាប់ដំណឹងអាក្រក់មួយគឺថាបងប្អូន យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ រីឯដំណឹងល្អនោះគឺទោះផ្គាប់បាន ឬមិនបាន វាអត់មានអត្ថប្រយោជន៍ក្នុងជីវិតយើងទេ។
ហេតុអីយើងត្រូវខ្ចះខ្ចាយជីវិតយើង ដើម្បីតែរស់ស្របទៅតាមស្តង់ដាររបស់អ្នកដទៃ?
នៅពេលដែលយេីងស្តាប់មនុស្សជុំវិញខ្លួនច្រើនពេក យេីងភ្លេចថាយេីងខ្លួនឯងចង់បានអី។
ទម្លាប់ Toxic ៣ បន់ឱ្យទៅដល់តែចុងសប្តាហ៍
មនុស្សជាច្រើនខ្ជះខ្ជាយជីវិត និងពេលវេលា រំពឹងឱ្យទៅដល់តែថ្ងៃចុងសប្តាហ៍
នេះគឺជាអន្តាក់មួយ ដែលគ្រោះថ្នាក់មែនទែន សម្រាប់អ្នកដែលអត់ចូលចិត្តការងារដែលគាត់ធ្វើ។ គាត់តែងតែចំណាយពេល ពីមួយថ្ងៃទៅមួយថ្ងៃ
ពីមួយអាទិត្យទៅមួយអាទិត្យ បុណ្យឱ្យថ្ងៃសោរ៍ អាទិត្យ ឆាប់មកដល់។
ការពិតទៅ ចុងសប្តាហ៍គឺគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះនៃជីវិត។
យើងមិនអាចអត់សប្បាយចិត្តពីច័ន្ទ ដល់សុក្រ រំពឹងថាមានតែចុងសប្តាហ៍ ដែលខ្ញុំនឹងសប្បាយចិត្តទេ។
មួយសប្តាហ៍ពេញ គឺជាពេលវេលាសំខាន់បំផុតសម្រាប់ជីវិតយើង ជាពិសេសគឺថ្ងៃច័ន្ទ។
ថ្ងៃច័ន្ទគឺជាថ្ងៃដែលឱកាសថ្មីៗត្រូវបានបង្កើតឡើងសម្រាប់មួយសប្តាហ៍ពេញ ។
ទម្លាប់ Toxic ៤ ភ័យខ្លាចការផ្លាស់ប្តូរ
តាមការពិតទៅនៅក្នុងជីវិត យើងអត់ចាំបាច់ត្រូវត្រេកអររាល់ការផ្លាស់ប្តូរទេ។
គ្រាន់តែត្រូវទទួលស្គាល់ថា អ្វីៗជំវិញខ្លួនយើងផ្លាស់ប្តូរលឿនមែនទែន ហើយយើងនឹងត្រូវប្រឈមជាមួយបញ្ហាថ្មីៗជារៀងរាល់ថ្ងៃ។
ដូចពេលដែលយើងអត់ពេញចិត្តជាមួយការងារដែលធ្វើរាល់ថ្ងៃ យើងគិតថាបើយើងផ្លាស់ប្តូរការងារទៅធ្វើអ្វីដែលយើងចង់ធ្វើ ប្រាកដជាអត់បានចំណូលថេរដូចរាល់ខែ អត់បានកៅអីអង្គុយស្រួលដូចរាល់ថ្ងៃ អត់មានក្រុមការងារដែលយល់ចិត្តយើងដូចឥឡូវ។
ទោះបីការផ្លាស់ប្តូរនេះដូចរៀងស្រពិចស្រពិលក៏ដោយ ប៉ុន្តែបើយើងចំណាយពេលធ្វើការងារដែលយើងមិនពេញចិត្តទេ យើងកំពុងតែខ្ជះខ្ជាយពេលវេលាក្នុងជីវិតរបស់យើងហើយ។
ដូច្នេះអ្នកដែលពូកែសម្របខ្លួន គឺជាមនុស្សដើរផ្លូវបានវែងជាងមនុស្សដែលគេចវេសការផ្លាស់ប្តូរ។
ទម្លាប់ Toxic ៥ រស់នៅក្នុងអតីតកាល
អ្នកណាក៏ដូចអ្នកណា យើងតែងតែគិតពីរឿងដែលកើតមាននៅអតីតកាល កំហុសដែលកើតមាននៅអតីតកាល។
យើងមិនគេចពីការចងចាំបានទេ តែកុំបង្កើតវាជាទម្លាប់ ឱ្យរឿងអាក្រក់ៗនឹងមកគ្របការគិតរបស់យើងជារៀងរាល់ថ្ងៃ។
ឧទាហរណ៍ ទំនាស់គ្រួសារតែងតែកើតមាន ការអាក់អន់ចិត្តជាមួយគ្នាជាដើម។ នៅពេលដែលយើងយករឿងទាំងអស់នឹងមកអង្គុយគិត វាធ្វើឱ្យគ្រួសារអត់មានសុភមង្គលទេ មិនអាចមានភាពសប្បាយរីករាយទេពេលជួបជុំគ្នា។
អ្នកមិនអាចផ្លាស់ប្តូរអ្វីពីអតីតកាលបានទេ ប៉ុន្តែយើងអាចបត់បែនបច្ចុប្បន្នកាលរបស់យើងបាន ហើយអនាគតក៏បានប្រសើរឡើងដូចគ្នា។
ទម្លាប់ Toxic ៦ និយាយបន្ទាបខ្លួនឯង
បងប្អូនស្រមៃមើល ប្រសិនជាយើងមានពួកមាក់ម្នាក់ដើរតាមយើង ២៤ម៉ោង ពេញមួយសប្តាហ៍ ប្រាប់យើងគ្រប់ពេលវេលាថា “អ្នកឯងធាត់ពេកហើយ អ្នកឯងមិនស្អាតទេ អ្នកឯងមិនអាចសម្រេចវាបានទេ។” តើយើងនឹងរីករាយជាមួយមិត្តភក្តិបែបនោះអត់?
ប្រកដណាស់យើងមិនអាចពេញចិត្តទេ។
ប៉ុន្តែមិត្តដែលនៅជាមួយយើងច្រើនជាងគេជាងរៀងរាល់ថ្ងៃនឹង គឺជាយើងផ្ទាល់។
មនុស្សមួយចំនួនពូកែណាស់រឿងបង្អាប់ខ្លួនឯង រហូតដល់បង្កើតចេញជាទម្លាប់។ ឱ្យតែអង្គុយ គឺតូចចិត្តជាមួយខ្លួនឯង។
ដូច្នោះ គួរផ្លាស់ប្តូរ ហើយធ្វើជាមិត្តភក្តិល្អសម្រាប់ខ្លួនឯង។
ជាចុងក្រោយ ទម្លាប់ទាំងប៉ុន្មានខាងលើនេះ គឺពិតជាមិនងាយបោះបង់នោះទេ ប៉ុន្តែនៅពេលដែលអ្នកបោះបង់វាចោល យើងនឹងមានអារម្មណ៍ធូរស្បើយ និងមានថាមពលបន្ថែមទៀតនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
