លោក ស៊ុន ស៊ីហម៉ានិត ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Technology Solution Development ហៅកាត់ថា TSD បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា។ តើមានវិធីសាស្ត្រអ្វីដែលធ្វើឲ្យលោកទទួលបានជោគជ័យក្នុងអាជីវកម្មប្រភេទនេះ? ខាងក្រោមនេះ ជាគន្លឹះខ្លះៗដែលធ្វើឲ្យលោកសម្រេចបានលទ្ធផល និងអាចកសាងគ្រឹះអាជីវកម្មដ៏រឹងមាំមកដល់ពេលបច្ចុប្បន្ន៖
១. ត្រូវមានគំនិតប្រកបដោយភាពច្នៃប្រឌិត
គ្រប់ការធ្វើអាជីវកម្មទាំងអស់ មិនថាតូចឬធំយ៉ាងណាក៏ដោយគឺត្រូវមានការច្នៃប្រឌិតរបស់ថ្មីៗសម្រាប់អតិថិជនជានិច្ច។ ព្រោះ បើមិនដូច្នោះទេ អ្នកនឹងគ្មានភាពរីកចម្រើននិងអាចដើរក្រោយគេមួយជំហ៊ានក៏ថាបាន។ តួយ៉ាង បច្ចុប្បន្ន វិស័យបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះ អ្នកត្រូវធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ទើបអ្នកអាចរក្សាលំនឹងការងាររបស់ខ្លួនបាន។
២. ត្រូវមានយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង
ការបំពេញការងារមានតែផែនការមួយមុខមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ផងដែរ។ ព្រោះថា នៅពេលណាដែលផែនការរបស់អ្នកមានបញ្ហានោះអ្នកនឹងត្រូវប្តូរយុទ្ធសាស្ត្រផ្សេងបាន តែមិនមែនប្តូរគោលដៅនោះទេ។ យ៉ាងណាមិញ សម្រាប់លោកវិញយុទ្ធសាស្ត្រសំខាន់ខ្លាំងសម្រាប់អាជីវកម្មលើផ្នែកបច្ចេកវិទ្យាព្រោះការចេញរកស៊ីមែនទែនទៅ មិនមែនចេះតែចេញៗនោះទេ បើគ្មានយុទ្ធសាស្ត្រនិងរបៀបក្នុងការធ្វើច្បាស់លាស់ វាងាយនឹងជួបបរាជ័យ។
អានអត្ថបទអំពី៖ ស៊ុន ស៊ីហម៉ានិត៖ ចង់ចេញរកស៊ីលើផ្នែកបច្ចេកវិទ្យា ត្រូវមានយ័ន្តបួននេះ
៣. ត្រូវមានសមត្ថភាពជាដើមទុន
គ្រឹះនៃការរកស៊ី គឺត្រូវមានសមត្ថភាពជាមុនសិន ព្រោះបើមិនដូច្នោះ ការងាររបស់អ្នកត្រូវជួបនឹងហានិភ័យក្នុងការគ្រប់គ្រង។ យ៉ាងណាមិញ សម្រាប់លោកក៏មានទស្សនៈមួយថា «ចង់បានជោគជ័យក្នុងអាជីវកម្មត្រូវយកបេះដូងបុគ្គលិកឲ្យបាន» មានន័យថា គួរផ្តល់ការងារឲ្យត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់បុគ្គលិក និងយកចិត្តទុកដាក់ចំពោះពួកគេ។
៤. មានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
ការគ្រប់គ្រងសាច់ប្រាក់ គឺជាកត្តាមួយដ៏សំខាន់សម្រាប់អាជីវកម្ម ព្រោះថា បើអ្នកមិនមានភាពច្បាស់លាស់ នោះវានឹងធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាយ៉ាងខ្លាំង។ ដូចនេះ រាល់ការចំណាយ និងចំណូលអ្នកត្រូវមានការពិនិត្យឲ្យបានម៉ត់ចត់ មិនថាប្រាក់បម្រុងឬប្រាក់វិនិយោគក៏ដោយ ពោលគឺត្រូវមានការរៀបចំ ឲ្យបានគ្រប់ជ្រុងជ្រោយ។
អានអត្ថបទអំពី៖ ស៊ុន ស៊ីហនិតនោវី៖ ៦ យ៉ាងសម្រាប់អ្នកដែលចង់ធ្វេីការផ្លាស់ប្តូរសម្រាប់ឆ្នាំថ្មី ២០២០
៥. មានក្រុមការងារដ៏រឹងមាំមួយ
ការងារមួយអាចដំណើរការទៅបាន គឺអាស្រ័យលើបុគ្គលិកមានភាពសាមគ្គី ឬ មានភាពចុះសម្រុងទើបធ្វើឲ្យការងារដំណើរការទៅបានយ៉ាងរលូន។ ដូច្នេះហើយ ក្នុងនាមជាមេដឹកនាំម្នាក់ត្រូវស្វែងយល់ពីសកម្មភាពរបស់ពួកគេជាប្រចាំ ពោលគឺមិនមែនដឹងតែប្រើឲ្យធ្វើការនោះទេ។ យ៉ាងណាមិញ លោកបានលើកឡើងនៅពាក្យមួយឃ្លាថា “បើចង់ដើរលឿន ចូរដើរម្នាក់ឯង តែបើចង់ដើរឲ្យបានឆ្ងាយចូរដើរជាក្រុម”។ ជាការពិតណាស់ និរន្តរភាពក្នុងក្រុមហ៊ុនមួយអាចមានភាពរឹងមាំបាន លុះត្រាតែ ក្រុមការងារនិងមេដឹកនាំកាន់ដៃគ្នាដើរឆ្លងឧបសគ្គទាំងនោះ។
អានអត្ថបទពី៖ ស៊ុន ស៊ីហម៉ានិត៖ ៥ចំនុច ដែលបណ្តាញសង្គមអាចសម្លាប់ប្រេនអាជីវកម្មអ្នក
ជារួមមក ក្រុមហ៊ុន TSD មានការបម្រើសេវាកម្មជូនអតិថិជន ដូចជា រចនា និង អភិវឌ្ឍគេហទំព័រ ប្រព័ន្ធគ្រប់គ្រងលក់ និង ស្តុកកំរិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងអតិថិជន ប្រព័ន្ធគ្រប់គ្រងមន្ទីពេទ្យឆ្លាតវៃ និង អភិវឌ្ឍកម្មវិធីទូរសព្ទផងដែរ៕
ប្រភពអត្ថបទ និងរក្សាសិទ្ធិដោយ Dr. Business