មនុស្សដែលជោគជ័យ ជាមនុស្សដែលហ៊ានប្រឈមមុខនឹងបញ្ហា ហើយព្យាយាមរក មធ្យោបាយដើម្បីដោះស្រាយនូវបញ្ហានោះ។ នៅពេលដែលយើងវិភាគទៅលើអ្នកជំនួញដែលជោគជ័យ ឬ មនុស្សដែលមានទម្លាប់ក្នុងការគិតវិជ្ជមាន អ្នកនឹងឃើញលក្ខណៈពិសេសមួយ ដែលដូចគ្នារបស់ពួកគេ គឺការមើលឃើញ តម្លៃនៃបញ្ហា។ បញ្ហាជាឱកាសដែលពួកគេអាចរៀន អាចរីកចម្រើន អាចអភិវឌ្ឍន៍ អាចជោគជ័យទៅលើអ្វីមួយដែលនៅពីក្រោយបញ្ហានោះ។
តើយើងអាចផ្លាស់ប្ដូរទស្សនៈមើលឃើញបញ្ហាថាជាឱកាសដោយរបៀបណា?
- ទទួលស្គាល់បញ្ហា
អ្វីដែលកើតឡើងក្នុងអតីតកាលជាការពិតមួយមិនអាចផ្លាស់ប្ដូរបាន។ ការប្រកាន់ខ្ជាប់នូវបញ្ហា, លេស, ឬអារម្មណ៍អវិជ្ជមានអាចជួយអ្នកបានអ្វីខ្លះ? ដំណាក់កាលដំបូងប្ដូរការគិតរបស់អ្នកដោយទទួលស្គាល់បញ្ហាជាមុនសិន។
- កំណត់មូលហេតុនៃបញ្ហា
ឈប់ផ្ដោតអារម្មណ៍អវិជ្ជមានទៅលើបញ្ហា បែរមកសួរខ្លួនឯងថា ហេតុអ្វីបានជាបញ្ហា នេះកើតឡើង? រាល់ចម្លើយដែលអ្នកគិតចេញ ចូរសរសេរដាក់លើសៀវភៅ ព្រោះនៅពេលដែលអ្នកព្យាយាមសរសេរ វានឹងធ្វើអោយអារម្មណ៍របស់អ្នកល្អជាងមុន ហើយវានឹងអាចជួយអោយអ្នកងាយនឹងស្វែងរកដំណោះស្រាយ។
“ការវិនិច្ឆ័យរោគបានយ៉ាងច្បាស់លាស់ គឺស្មើនឹងការព្យាបាលបានពាក់កណ្ដាលរួចមកហើយ”
- កំណត់វិធីសាស្រ្តសម្រាប់ដំណោះស្រាយ
ចូរសរសេររាល់វិធីសាស្រ្តទាំងអស់ដែលអ្នកគិតចេញមកដាក់លើសៀវភៅ។ បន្ទាប់មក ជ្រើសរើសវិធីសាស្រ្តណាមួយដែលល្អជាងគេ ដើម្បីយកមកដោះស្រាយបញ្ហា។
- រៀបចំផែនការ
ក្រោយជ្រើសរើសវិធីសាស្រ្ត បន្ទាប់មករៀបចំផែនការ។ នៅពេលដែលអ្នករៀបចំផែនការ គឺអ្នកកំពុងបង្កើតគោលដៅមួយដើម្បីសម្រេចវា។
- ចាប់ផ្ដើមអនុវត្តផែនការ
បើទោះបីផែនការអ្នកល្អខ្លាំងប៉ុនណាក៏ដោយ អ្នកមិនអាចសម្រេចបានគោលដៅនោះបានឡើយ ប្រសិនបើអ្នកគ្រាន់តែនិយាយ តែមិនធ្វើ ហាក់ដូចជាគ្រាន់តែមានផែនការ តែមិនអនុវត្ត។
នៅពេលដែលអ្នកចាប់ផ្ដើមធ្វើវា អ្នកកំពុងតែផ្លាស់ប្ដូរខ្លួនអ្នកអោយខិតទៅជិតគោលដៅរបស់អ្នក។