មុននឹងចូលទៅចំណុចទាំងនោះ ចូូរអ្នកចំណាយពេល ៥ នាទីគិតថា “តេីហេតុអ្វីអ្នកត្រូវធ្វេីការផ្លាស់ប្តូរ?”
ប្រាកដណាស់ប្រហែលជាអ្នកមិនទាន់បានសម្រេចគោលបំណង ឫ ក្តីស្រមៃរបស់អ្នកនៅឡេីយ ឫ ក៏បានសម្រេចហេីយតែមិនគ្រប់គ្រាន់សោះ។
ដូច្នេះ តេីយេីងគួរបន្តធ្វេីដូចម្តេច?
ទី១: ស្វែងរកអ្វីដែលខ្លួនស្រលាញ់
មានមនុស្សច្រើនណាស់ដែលចំណាយពេលវេលាធ្វេីអ្វី ដែលមិនមែនជាការស្រលាញ់ពេញចិត្តរបស់ខ្លួន។ ពួកគេតែងយកលេសថាខ្លួនគ្មានសមត្ថភាពដូចអ្នកដទៃ, មិនកេីតក្នុងគ្រួសារស្តុកស្តំ, មិនមានពេលវេលាស្វែងរក, ឃេីញអ្នកដទៃធ្វើបានជោគជ័យក៏ធ្វេីតាម, ចូលចិត្តការងារស្រួល។ ទាំងអស់នេះ គឺដោយសារតែការមិនយកចិត្តទុកដាក់ស្វះស្វែងស្គាល់ពីខ្លួនឯងឱ្យច្បាស់។
ដល់ពេលអ្នកត្រូវកាត់បន្ថយពេលវេលាជាមួយការមេីលរឿង, ការលេងល្បែង, ការដេីរលេងអត់ប្រយោជន៍ ហេីយចាប់ផ្តេីមជួបជាមួយមនុស្យឱ្យកាន់តែច្រេីន ស្តាប់ឱ្យច្រើនជាងនិយាយ អានឱ្យកាន់តែច្រេីន ឫ ចូលរួមកម្មវិធី ដូចជាសិក្ខាសាលាឱ្យកាន់តែច្រើន។
ត្រូវចងចាំថាការស្គាល់ពីអ្វីដែលខ្លួនស្រលាញ់ នឹងកំណត់បង្ហាញពីគោលដៅរបស់អ្នកកាន់តែច្បាស់ ហេីយជីវិតអ្នកនឹងកាន់តែមានអត្ថន័យ។
ទី២: ស្គាល់ពីគោលតម្លៃរបស់ខ្លួន
នៅពេលដែលយេីងស្គាល់ពីគោលតម្លៃខ្លួនឯង យេីងនឹងមានការសម្រេចចិត្តកាន់តែប្រសេីរ ដូច្នេះបំណងប្រាថ្នានឹងអាចសម្រេចបានកាន់តែងាយស្រួល។
សម្រាប់ខ្ញុំ គោលតម្លៃដែលខ្ញុំកាន់ខ្ជាប់ គឺការចែករំលែក និងការអភិវឌ្ឍ។ រាល់ពេលខ្ញុំធ្វើការសម្រេចចិត្ត ខ្ញុំតែងសួរខ្លួនឯងសិនថា “តេីការងារដែលត្រូវសម្រេចនេះ នឹងធ្វើឱ្យខ្ញុំបានផ្តល់ប្រយោជន៍ និងមានការចែករំលែក ជួយទៅដល់សង្គម និងមនុស្សជុំវិញខ្លួន ឫ អត់? តេីវានឹងបានបង្កេីតឱកាស និងការអភិវឌ្ឍសម្រាប់ពួកគេឱ្យកាន់តែប្រសេីរ ឫ អត់?
ដូច្នេះ រាល់ការងារ ដែលខ្ញុំត្រូវធ្វើការសម្រេចចិត្តមិនបានឆ្លេីយតបជាមួយគោលតម្លៃរបស់ខ្ញុំ ខ្ញុំនឹងបដិសេដ។
ទី៣: ស្គាល់ពីភាពខ្លាំងរបស់ខ្លួន
នៅពេលដែលយេីងស្គាល់ពីភាពខ្លាំងខ្លួនឯង យេីងនឹងចេះប្រេីទេពកោសល្យនោះដើម្បីដោះស្រាយបញ្ហា ឫ ប្រតិបត្តិធុរកិច្ចអ្វីមួយ ដោយចំណាយពេលតិចជាង និងទទួលបានលទ្ធផលប្រសេីរជាង។ ស្របពេលនោះដែរ ត្រូវទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន និងព្យាយាមទប់ស្កាត់កុំឱ្យទាំងនោះប៉ះពាល់ដល់ការងារអ្នក។
ប្រសិនបើអ្នកពិបាកក្នុងការស្វែងរកចំណុចខ្លាំងរបស់អ្នក គួរពិចារណាទទួលយោបល់ពីក្រុមគ្រួសារ មិត្តភក្តិ ឬ មិត្តរួមការងារ។
ទី៤: ស្គាល់ពីអត្តចរិតពីកំណេីត
អត្តចរិតមនុស្សម្នាក់ៗខុសប្លែកពីគ្នា។ អ្នកខ្លះធ្វេីការសម្រេចចិត្ត ដោយប្រើភាពស្ងប់ស្ងាត់ អ្នកខ្លះទៀតត្រូវមានការជ្រោមជ្រែងពីអ្នកដទៃ។ អ្នកខ្លះជាមនុស្សពូកែអាកាត់ មិនញេមញុមច្រេីន អ្នកខ្លះទៀតត្រូវការពេលវេលាច្រេីនដេីម្បីធ្វេីការសម្រេចចិត្ត។
ការដឹងពីចរិតលក្ខណៈរបស់អ្នក មានសារៈសំខាន់ណាស់ក្នុងការបង្កើតជីវិតដែលអ្នកចង់បាន។ សូម្បីតែការអាន, ការស្តាប់, ការនិយាយ ក៏បង្ហាញពីចរិតលក្ខណៈខុសគ្នារបស់អ្នកទៅនឹងមនុស្សដទៃដែរ។ ប្រសិនបេីអ្នកមិនស្គាល់ពីចរិតខ្លួនឯងច្បាស់នោះទេ លុះពេលធ្វេីការងារ ឫ ការសម្រេចចិត្តផ្សេងៗ អ្នកនឹងមានការនឿយហត់លឿន, ឆាប់ធុញទ្រាន់, ឆាប់មួរម៉ៅ នោះលទ្ធផលដែលទទួលបានក៏មិនសូវល្អ។
ទី៥: យល់ពីផ្នត់គំនិត
ផ្នត់គំនិតមនុស្សម្នាក់ៗត្រូវបានជះឥទ្ធិពលពីបរិស្ថានជុំវិញខ្លួន ដូចជាកត្តាគ្រួសារ ឫ ការរាប់អានមិត្តភក្តិ។ ផ្នត់គំនិតចែកចេញជាពីរ គឺផ្នត់គំនិតដែលមានការអភិវឌ្ឍ និងផ្នត់គំនិតដែលនៅមួយកន្លែង។ ភាពខុសភ្លែកគ្នា គឺមនុស្សដែលមានផ្នត់គំនិតដែលមានការអភិវឌ្ឍ ជឿថា “សមត្ថភាពរបស់ខ្លួនអាចវិវឌ្ឍបាន មិនមានដែនកំណត់ និងព្យាយាមស្វះស្វែងរៀនសូត្រ”។ រីឯមនុស្សដែលមានផ្នត់គំនិតនៅមួយកន្លែង ជឿថា “សមត្ថភាព និងទេពកោសល្យមនុស្សម្នាក់ៗមានដែនកំណត់ ព្រោះសុទ្ធតែបានចារពីកំណេីត ពីហ្សែនរបស់ឪពុកម្តាយ”។
ដូច្នេះ រាល់ពេលមនុស្សទាំងពីរក្រុមធ្វេីការអ្វីមួយ នឹងបង្ហាញពីភាពខុសគ្នា និងលទ្ធផលផ្សេងគ្នារបស់ពួកគេ។ តេីអ្នកមានផ្នត់គំនិតមួយណា? តេីផ្នត់គំនិតដែលមាននោះ ពិតជាបានជួយអ្នកសម្រេចគោលដៅដែលអ្នកប៉ងចង់បាន ឫទេ?
ទី៦: សួរសំណួរ “គួរតែ” ទៅកាន់ខ្លួនឯង
បរិបទសង្គមជះឥទ្ធិពលមកអ្នកជារៀងរាល់ថ្ងៃ បង្កើនចំណង់ឱ្យអ្នកទទួលយក និងដេីរតាម។
អ្នកអាចជៀសវាងដោយសួរសំណួរទៅកាន់ខ្លួនឯងតើអ្វីទៅជារឿង “គួរតែ” ដែលអ្នកកំពុងប្រឈមសព្វថ្ងៃ? តើអ្នកជឿជាក់ថាអ្នក “គួរ” ធ្វើឫទេ?
ផ្អាកគិតពីអ្វីដែលសង្គមចង់បាន ហេីយចាប់ផ្តើមក្រឡេកមើលស្ថានភាពដែលអ្នក “គួរតែធ្វេី” ខ្លួនឯង ហេីយសាកប្រេីពាក្យថា “អាច” ជំនួសវិញ។
ឧទាហរណ៍៖
* ខ្ញុំគួររៀបការ → ខ្ញុំអាចរៀបការ (តែខ្ញុំមិនចាំបាច់)
* ខ្ញុំគួរតែទទួលយកការងារដែលមានប្រាក់ខែខ្ពស់ → ខ្ញុំអាចទទួលយកបាន (ប្រសិនបើខ្ញុំចង់ធ្វេីការងារនោះ)
* ខ្ញុំគួរតែរៀនមុខជំនាញដែលមនុស្សភាគច្រេីនរៀន → ខ្ញុំអាចចាប់យកវាបាន (ប៉ុន្តែខ្ញុំក៏អាចរៀនអ្វីផ្សេងទៀតដែលខ្ញុំចង់រៀន)
ចូរគិតម្តងទៀតថា តេីអ្វីដែលអ្នកចង់សម្រេចបាននោះ ពិតជាសុទ្ធតែជាអ្វីដែលអ្នក “គួរតែ” ធ្វេីឫអត់?
ចាប់ពីពេលនេះ យេីងនឹងឈប់និយាយពាក្យថា “ហេឺយ! មួយឆ្នាំកន្លងផុតទៅទៀតទៅហេីយ” ។
