ហេតុអ្វី “ទម្លាប់ប្រចាំថ្ងៃ” នាំទៅរកភាពជោគជ័យ?
អ្នកជោគជ័យមួយចំនួនធំមានវិធីសាស្ត្រដូចគ្នាៗ គឺភាពស្ទាត់ជំនាញក្នុងការគ្រប់គ្រងទម្លាប់រាល់ថ្ងៃរបស់ពួកគេ។ ផ្ទុយទៅវិញ អ្នកបរាជ័យតែងខ្វះការគ្រប់គ្រងទម្លាប់ប្រចាំថ្ងៃរបស់ខ្លួនឯង។ ពួកគេតែងតែឲ្យឱកាសល្អរបូតចេញពីដៃ ហាក់ដូចជាមិនផ្តល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ ឬ មិនមានការព្រួយបារម្ភសំរាប់អ្វីដែលសំខាន់ក្នុងជីវិត។
តើមានវិធីសាស្ត្រអ្វី ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទម្លាប់ប្រចាំថ្ងៃ ដែលរាំងស្ទះក្នុងការសម្រេចគោលដៅរបស់អ្នក?
គ្មានទម្លាប់ណាដែលមិនអាចជំនះបានឡើយ។ អ្វីដែលសំខាន់នោះ គឺការចេះគ្រប់គ្រងចំណង់របស់ខ្លួន មានន័យថា យើងត្រូវព្យាយាមដាក់វិន័យទៅលើខ្លួនឯង ទោះបីវាពិបាក ប៉ុន្តែយើងជឿជាក់ច្បាស់ថាវានឹងពង្រឹងជីវិត និងវិជ្ចាជីវៈរបស់យើងឲកាន់តែប្រសើរឡើង។
- ដំបូង៖ ចូរធ្វើតារាងដើម្បីរៀបរាប់ពីទម្លាប់ទាំងឡាយដែលអ្នកចង់សម្រេចបានក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ។
ប្រហែលច្រើនដងណាស់ក្នុងមួយថ្ងៃ ដែលអ្នករិះគន់ខ្លួនឯងពីកាលដែលអ្នកពន្យាពេលនូវអ្វីដែលអ្នកត្រូវធ្វើ និងផ្លាស់ប្តូរ។មកពីមូលហេតុមួយចំនួន ដូចជា កង្វះការលើកទឹកចិត្ត កង្វះការផ្តួចផ្ដើម ឬកាលដែលមិនមានផែនការច្បាស់លាស់ ដែលជាប្រភពនាំឲ្យទម្លាប់អាក្រក់មួយចំនួនកើតមានក្នុងជីវិតអ្នក។
ដូច្នេះ ដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់ទាំងនោះឲ្យកា្លយជាទម្លាប់ថ្មីក្នុងរយៈពេល២៥ថ្ងៃ។
នៅពេលនេះ ចូរអ្នកសរសេរចុះនូវទំលាប់ដែលអ្នកចង់ផ្លាស់ប្ដូរ ឬ ចង់សម្រចបាន ឲបានយ៉ាងតិចចំនួន ៣ ដែលត្រូវច្បាស់ថាទម្លាប់ទាំងនោះនឹងធ្វើឲ្យជីរិត និងវិជ្ចាជីវ:របស់អ្នករីកចម្រើន។
ឧទាហរណ៍៖
១- អានសៀវភៅមួយថ្ងៃឲ្យបាន ១៥ នាទី
២- រៀបចំគ្រែរៀងរាល់ព្រឹកក្រោយងើបពីគេង
- បន្ទាប់៖ អ្នកត្រូវរៀបចំផែនការ ដើម្បីធ្វើការយកឈ្នះក្នុងការទទួលបានទម្លាប់ថ្មីទាំង ៣ ។
ជំហានទី១- ពេលនេះចូរសួរខ្លួនឯងនូវសំណួរសំខាន់នេះ ”តើទម្លាប់ទាំងអស់នេះនឹងនាំឱ្យជីវិតខ្ញុំល្អប្រសើរជាងមុន រឺទេ? “
ចូរកុំមើលរំលងរឿងដែលអ្នកធ្លាប់បានព្យាយាម ហើយបរាជ័យក្នុងអតីតកាល។
ឧទាហរណ៍៖ អ្នកធ្លាប់បានព្យាយាមសម្រកទំងន់ ១ឆ្នាំចុងក្រោយនេះ ហើយអ្នកចង់ធ្វើវាម្តងទៀត ចូរអ្នកសរសេរវាចុះ។
ជំហានទី២– ដាក់ទម្លាប់ដែលអ្នកចង់សម្រេចបានមុនគេ តាមលំដាប់ពីលើចុះក្រោម។
យើងនឹងផ្តោតទៅលើទម្លាប់មួយម្តងៗ រៀងរាល់២៥ថ្ងៃ។
ជំហានទី៣- ចាប់ផ្តើមទម្លាប់ថ្មីជារៀងរាល់ ២៥ ថ្ងៃ។
គ្រាន់តែនៅក្នុងមួយឆ្នាំ អ្នកនឹងឃើញជីវិតរបស់អ្នកស្ទើរតែល្អឥតខ្ចោះ។ ស្របគ្នាផងដែរ អ្នកនឹងបានអនុវត្តទម្លាប់ជាច្រើនដែលអ្នកធ្លាប់បានគេចវេសជាយូរមកហើយ។
- បន្ទាប់៖ អនុវត្តតាមដំណើរការ ៦ជំហានសម្រាប់ការរក្សាការអនុវត្តទៅលើទម្លាប់នោះឲ្យឋិតថេរ
ជំហានទី១– កំណត់គោលបំណង
ចូរសួរខ្លួនអ្នក “តើខ្ញុំចង់សម្រេចអ្វី?”
ឧទាហរណ៍៖
១- ខ្ញុំចង់សម្រកទម្ងន់
២- ខ្ញុំចង់ពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្ញុំ
ជំហានទី២- ស្វែងរកនិមិត្តរូប (Role Model)
នៅពេលដែលអ្នកឃើញអ្នកដទៃធ្វើបាន ដូច្នេះអ្នកក៏មិនរុញរាដែរ។
ឥឡូវនេះចូរសួរខ្លួនអ្នក “តើអ្នកណាដែលបានសម្រេច ទៅលើការគ្រប់គ្រងទម្លាប់ ដែលអ្នកកំពុងចង់សម្រេចបាន? “
ឧទាហរណ៍៖ ១- លោកប៉ារបស់ខ្ញុំជានិមិត្តរូបខ្ញុំ ព្រោះគាត់ជាមេដឹកនាំដ៏ល្អម្នាក់នៅក្នុងគ្រួសារ ទាំងនៅក្នុងស្ថាប័ន។
ជំហានទី៣- រៀបរាប់ពីអត្ថប្រយោជន៍ដែលនឹងទទួលបានក្រោយគ្រប់គ្រងទម្លាប់នោះបាន
ចូរសួរខ្លួនអ្នក “តើខ្ញុំនឹងបានផលចំណេញអ្វីខ្លះពីវា?”
ឧទាហរណ៍៖ ខ្ញុំសម្រកទម្ងន់បាន ខ្ញុំនឹងមានសុខភាពល្អ, មានរូបរាងស្អាត, ស្លៀកពាក់អ្វីក៏សម ល- ។
ជំហានទី៤- ប្រយ័ត្នតំបន់គ្រោះថ្នាក់
ចូរសែ្វងរកនូវស្ថានភាព ពេលវេលា និងទីកន្លែង ដែលអ្នកនឹងអាចបោះបង់ ឬចុះចាញ់។
ហេតុអី្វចំនុចនេះសំខាន់? ពេលខ្លះអ្នកមិនបានចាប់អារម្មណ៍ថាអ្នកកំពុងតែធ្វើសកម្មភាព ដែលធ្វើឱ្យទម្លាប់ល្អរបស់អ្នកបាត់បង់នោះទេ។
ឧទាហរណ៍៖ ពេលចូលរួមកម្មវិធី អ្នកភ្លេចថាខ្លួនឯងកំពុងបរិភោគទឹកក្រូច និងចំនីផ្អែមច្រើន (ដែលនាពេលនេះអ្នកកំពុងព្យាយាមសម្រកទម្ងន់)
ជំហានទី៥– សកម្មភាពដែលនាំឱ្យទទួលបានភាពជោគជ័យ
ចូរអ្នកគិតទៅលើសកម្មភាពជាក់លាក់ដែលអ្នកនឹងត្រូវធ្វើ ដើម្បីសម្រេចគោលដៅ ដែលបានរៀបរាប់ក្នុងជំហានទី១ ។
ឧទាហរណ៍៖ ខ្ញុំនឹងហាត់ប្រាណរយ:ពេល១៥នាទីរៀងរាល់ថ្ងៃ និងកាត់បន្ថយការញុាំបាយពីពីរចានទៅមួយចានរាល់ពេល (ដើម្បីទទួលបានភាពជោគជ័យក្នុងការសម្រកទម្ងន់)
- ចុងក្រោយ៖ ជៀសវាងពាក្យកុហកទាំងបី
រាល់ពេលដែលអ្នកមិនអាចគ្រប់គ្រងឆន្ទ:របស់អ្នកបាន ឬ ការដែលអ្នកត្រឡប់មកធ្វើនូវទំលាប់អាក្រក់វិញនោះ មានន័យថាអ្នកកំពុងជឿលើពាក្យកុហកទាំងបីខាងក្រោមនេះ៖
១- “តែបន្តិចគ្រប់គ្រាន់ហើយ” ដូចជា ញុំស្រាតែមួយកែវទេ, ជក់បារីតែមួយដើមទេ, ញុាំនុំនេះតែមួយដុំទេ។
រាល់ពេលដែលអ្នកលឺសំដីទាំងអស់នេះ សូមចងចាំថាវាសុទ្ឋតែជាពាក្យកុហក។
សួរខ្លួនឯងទៅមើលថា ”ញុាំនុំតែមួយដុំគ្រប់គ្រាន់ដែរឬទេ?” ដែលដូចសុភាសិតបរទេសមួយបានចែងថា “one is too many and thousand is not enough’’
២- “សាកតែម្តងទៀតទេ” នៅពេលអ្នកជឿកុហកទី១ហើយ កុហកទី២ក៏កើតមានចូលមក “ណាស់ហើយ, បើជ្រុលញុាំមួយដុំហើយ បើសាកមួយដុំទៀត ក៏មិនអីដែរ”
៣- បន្ទាប់មក កុហកទី៣ ក៏លេចឡើង “បោះបង់ចោល”
ដោយសារតែធ្វើនូវអ្វីដែលអ្នកមិនចង់ធ្វើ អ្នកប្រាកដជាមានអារម្មណ៍ពិបាក ឥឡូវនេះច្បាស់ណាស់ថាអ្នកនឹងនិយាយទៅកាន់ខ្លួនឯង “ខ្ញុំជាមនុស្សគ្មានតំលៃ គ្មានក្តីសង្ឃឹម គ្មានគោលដៅ។ ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាន មានតែបោះបង់វាចោល” ។
ដូច្នេះ ពេលណាដែលអ្នកលឺ “តែម្តងទេ”, ”តែបន្តិចទេ” ត្រូវចងចាំថាវាសុទ្ឋតែជាពាក្យកុហក។
ហើយបើជ្រុលជាធ្វើវាហើយ សូមកុំបណ្តោយឲកាន់តែអាក្រក់ជាងនេះ អ្នកត្រូវតែចាប់ផ្តើមទប់ស្កាត់វាភ្លាមៗ។
ដូចសុភាសិតបរទេសមួយ ‘’No man is a loser until he quits trying’’ – Jim Sharkey
