វិស័យបច្ចេកវិទ្យាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវជនជំនាន់ក្រោយ ដោយសារតែនិន្នាការរកស៊ីលើផ្នែកបច្ចេកវិទ្យាកំពុងតែផុសផុលខ្លាំងជុំវិញពិភពលោក។
ហេតុដូច្នេះហើយ អាជីវកម្មបង្កើតថ្មីលើផ្នែកបច្ចេកវិទ្យាជាច្រើនចាប់ផ្ដើមកើតមានឡើង ប៉ុន្តែស្របពេល ក៏មានអាជីវកម្មខ្លះកើតឡើងមួយភ្លែត ក៏ត្រូវបិទទ្វារទៅវិញ។
ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍មួយរវាងក្រុមការងារ Business Cambodia ជាមួយនឹង លោក ស៊ុន ស៊ីហម៉ានិត ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Technology Solution Development ហៅកាត់ថា TSD បានលើកឡើងពីលក្ខណៈចំនួន៤ ដែលយុវជនគួរត្រៀមមុននឹងចេញរកស៊ីលើផ្នែកបច្ចេកវិទ្យានេះ ហើយលក្ខណៈទាំងនោះប្រៀបបានទៅនឹងយ័ន្ត ដើម្បីការពារអាជីវកម្មកុំឱ្យដួល ក៏ដូចជាកសាងគ្រឹះអាជីវកម្មឱ្យរឹងមាំផងដែរនោះ។
សម្រាប់យ័ន្តទីមួយ បើតាមសហគ្រិនវ័យក្មេងរូបនេះគឺជាគំនិតដែលប្រកបទៅដោយភាពច្នៃបង្កើតថ្មី (Innovative Ideas) ដែលជាគំនិតថ្មី ដោះស្រាយបញ្ហាដល់មនុស្ស និងមិនមាន ឬមិនសូវមាន គេរកស៊ីនៅឡើយ ព្រោះថាបើយើងមកថ្មីហើយ ព្យាយាមទៅចូលទីផ្សារដែលកំពុងតែចង្អៀតខ្លាំងទៀត ក៏ពិបាកនឹងទៅប្រកួតជាមួយគេដែលសុទ្ធតែជាជើងចាស់ដែរ។
ចំពោះយ័ន្តទីពីរវិញ លោក ស៊ីហម៉ានិត លើកឡើងអំពីរការចេះជ្រើសរើសអ្នកមានសមត្ថភាពទេពកោសល្យ ឱ្យមកចូលរួមធ្វើជាមួយ ព្រោះថាអាជីវកម្មមួយជោគជ័យមិនមែនដោយសារតែមនុស្សម្នាក់នោះទេ ដោយទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់ ទើបទទួលបានជោគជ័យប្រកបដោយអត្ថន័យ។ មួយវិញទៀតក្នុងចំណុចនេះដែរក៏មានទាក់ទងនឹង ការរាប់អានមិត្តភក្តិផងដែរ ដោយគួរតែរាប់អានមិត្តភក្តិដែលមានជំនាញផ្សេងៗគ្នា ព្រោះថាមនុស្សម្នាក់មិនអាចធ្វើអ្វីទាំងអស់ដោយខ្លួនបាននោះទេ។
រីឯយ័ន្តទីបីវិញ សហគ្រិនមានបទពិសោធន៍រកស៊ីមិនក្រោម ៥ឆ្នាំរូបនេះបង្ហើបថាជា យុទ្ធសាស្ត្រ និងរបៀបក្នុងការធ្វើ ដោយលោកបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រសំខាន់ខ្លាំងសម្រាប់អាជីវកម្មលើផ្នែកបច្ចេកវិទ្យាព្រោះការចេញរកស៊ីមែនទែនទៅ មិនមែនចេះតែចេញៗនោះទេ ព្រោះបើគ្មានយុទ្ធសាស្ត្រនិងរបៀបក្នុងការធ្វើច្បាស់លាស់ ងាយនឹងជួបបរាជ័យ។
ចំណែកយ័ន្តចុងក្រោយវិញ គឺជាដើមទុន។ និយាយពីពាក្យដើមទុន មនុស្សភាគច្រើនអាចនឹងសម្ដៅទៅលើលុយ ប៉ុន្តែសម្រាប់ លោក ស៊ីហម៉ានិតវិញ បើទោះជាគ្មានលុយក៏ធ្វើបានដែរ អ្វីដែលសំខាន់បំផុតនោះគឺសមត្ថភាពរបស់ស្ថាបនិក ឬម្ចាស់អាជីវកម្មទៅវិញទេ បើខ្លួនឯងខ្លាំង គ្រាន់តែលើកគំនិតប្រាប់ទៅគេ នឹងទទួលបានដើមទុនបាត់ទៅហើយ។
បន្ថែមពីនេះផងដែរ លោក ស៊ីហម៉ានិតក៏បានក្រើនរំឮកដល់សិស្សនិស្សិតដែលកំពុងសិក្សារលើផ្នែកបច្ចេកវិទ្យាជាពិសេសផ្នែក IT ផងដែរ កុំឱ្យសូវចូលចិត្តរអ៊ូរច្រើនពេក យកលេសនេះលេសនោះចេញរកស៊ីមិនកើត ហើយសម្រាប់លោកផងដែរក៏ជឿរជាក់យ៉ាងមុតមាំថា គ្រប់បញ្ហាទាំងអស់សុទ្ធតែមានឱកាសនៅក្នុងនោះ អ្វីដែលសំខាន់យើងត្រូវចេះចាប់ឱកាសឱ្យបានច្រើន រៀនពីគេ ដោយមិនខ្លាចការបរាជ័យ។